ភូមា​ប្រកាស​បើក​ដេញថ្លៃ​ប្លុក​ប្រេងកាត​ក្រោមដី​ចំនួន​១៨ប្លុក

បណ្តាញសារព័ត៌មាន​រដ្ឋ​ភូមា​បាន​ផ្សាយ​ឲ្យដឹង​ថា​ នៅថ្ងៃ​ព្រហស្បតិ៍​​នេះ​ រដ្ឋា ភិបាល​ភូមា​បាន​ប្រកាស​បើក​ឲ្យ​ដេញថ្លៃ លើ​ប្លុកប្រេងកាត ចំនួន ១៨​ប្លុក ដែល​សុទ្ធសឹង​ជា​ប្លុក​ប្រេង​ក្រោមដី។ ធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​នៅ​ភូមា គឺ​ជា​ចំណុច​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​​បណ្តា​ក្រុមហ៊ុន​បរទេស។

នៅ ​ក្នុង​សេចក្តី​ជូនដំណឹង ​ចេញផ្សាយ​ដោយ​កាសែត​ New Light of Myanmar ដែល​ជា​កាសែត​របស់​រដ្ឋ ចេញផ្សាយ​ជា​ភាសា​អង់គ្លេស អាជ្ញាធរ​ភូមា​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​ចង់​ធ្វើ​អាជីវកម្ម​លើ​ប្លុក​ប្រេងកាត​ក្រោមដី​ ភូមា អាច​ដាក់ពាក្យ​សុំ​ដេញ​ថ្លៃ​បាន​យ៉ាងច្រើន​បំផុត ៣ប្លុក ក្នុង​មួយ​ក្រុមហ៊ុន ហើយ​ការ​ធ្វើ​អាជីវកម្ម​ប្លុក​ប្រេង​ទាំងនេះ ចាំបាច់​ត្រូវ​តែ​ធ្វើ​ដោយ​មានក្រុមហ៊ុន​ប្រេង​រដ្ឋភូមា​ជា​ដៃគូ។

យោងតាម​ឯកសារ​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ភូមា គឺ Myanmar Oil and Gas Entreprise ប្លុកប្រេងកាត ទាំង ១៨​ប្លុក ដែល​រដ្ឋាភិបាល​ភូមា​បើក​ឲ្យដេញ​ថ្លៃ​នេះគឺ​ស្មើ​នឹង១ភាគ៣នៃ​ធនធានប្រេង​ក្រោម​ដី​របស់​ភូមា។ ក្រៅពី​ប្រេង​ក្រោម​ ដី ភូមា​នៅ​មាន​ប្រេង​ក្រោម​បាតសមុទ្រ​ប្រមាណ​ជា​ជាង ៥០​ប្លុក​ផ្សេងទៀត។

យោងតាម​ការ​ប៉ាន់ស្មាន​របស់​ទីភ្នាក់ងារ​សេ.អ៊ី.អា​អាមេរិក ភូមា​មាន​ធនធាន​ប្រេងសរុប​ប្រមាណ​ជា ៥០លាន​ធុង និង​ឧស្ម័ន​ធម្មជាតិ ប្រមាណ​ជា​ជាង ២៨០ពាន់ លាន​ម៉ែត្រ​គូប។ ធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ទាំងនេះ​នៅមិនទាន់​ត្រូវ​បាន​គេ​ធ្វើ​អាជីវកម្ម​ពេញលេញ ​នៅឡើយទេ ដោយសារ​តែ​កន្លងមក នៅ​ក្រោម​របបសឹក ភូមា​ស្ថិត​ក្រោម​ទណ្ឌកម្ម​អន្តរជាតិ។

នាពេលកន្លងមក ភាគច្រើន​មានតែ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ុណ្ណោះ ជាពិសេស គឺ​ ចិន ដែល​បោះទុនវិនិយោគ​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​ នៅ​ភូមា។ នៅ​ក្នុង​ការ​ដេញថ្លៃ កាល​ពី​លើកមុន នៅ​ឆ្នាំ​២០១១ កិច្ចសន្យា​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​ភូមា​នេះ ក៏​ភាគច្រើន​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​មក​ពី​អាស៊ីដែរ។

នៅពេលនេះ ក្រោយ​ពី​ប្រទេស​លោកខាងលិច​បាន​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ភូមា គេ​សង្កេតឃើញ​ថា មាន​ក្រុមហ៊ុន​​​​មក​ពី​ប្រទេស​លោកខាងលិច​ជាច្រើន កំពុង​តែ​ប្រជែង​ចង់​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​​ប្លុកប្រេង និង​ឧស្ម័ន​ភូមា។ ក៏ប៉ុន្តែ ពួកគេ​បាន​សំដែង​នូវ​ការ​ព្រួយបារម្ភ អំពី​តម្លាភាព នៅ​ក្នុង​នីតិវិធី​នៃ​ការ​ដេញថ្លៃ។

ការ​តវ៉ា​ជុំវិញ​តម្លាភាព​ក្នុង​ការ​ដេញថ្លៃ​នេះ​ហើយ ដែល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិ បាល​ភូមា​ផ្អាក​ការ​ដេញថ្លៃ ដែល​គ្រោង​ធ្វើ កាល​ពី​ឆ្នាំ​២០១២​កន្លងទៅ ដោយ​រង់ចាំ​ការ​ធ្វើ​កំណែទម្រង់​នីតិវិធី នៃ​ការ​ដេញថ្លៃ ទើប​ដាក់​ឲ្យ​ដេញ​ថ្លៃ នៅ​ពេលនេះ។

ក្រុមអ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ជាច្រើន​ធ្លាប់​បាន​លើកឡើង​ថា ធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ នឹង​ដើរតួនាទី​យ៉ាង​សំខាន់​បំផុត នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ កិច្ច​ភូមា ប្រសិនបើ​រដ្ឋាភិបាល​ចេះចាត់ចែង​ចំណូល​ពី​វិស័យ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​នូវ​អំពើ​ពុករលួយ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close