ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុននៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីប្រឆាំងចិន
លោក Shinzo Abeនាយករដ្ឋមន្រ្តីជប៉ុន បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់ពី ថ្ងៃពុធទី១៦មករានេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងនៅឯបរទេសរបស់លោកនាយករដ្ឋមន្ត្រី ថ្មីជប៉ុន ចាប់តាំងពីលោកបានឡើងកាន់អំណាចគ្រប់គ្រងប្រទេសតាំងពីថ្ងៃទី ២៦ធ្នូមក។ គោលដៅនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីរិតចំណងជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ប្រឈមមុខនឹងមហាអំណាចចិន។
លោក Shinzo Abe ផ្តើមបំពេញទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃពុធទី១៦មករា រហូតដល់ថ្ងៃសៅរ៍១៩មករា ។ នៅមុនពេលចេញដំណើរ នាយករដ្ឋមន្ត្រីនៃគណបក្សអភិរក្សនិយមជប៉ុន ដែលបានឡើងគ្រប់គ្រងអំណាចចាប់តាំងពីថ្ងៃ ២៦ធ្នូមក បានប្រកាសថា” លោក មានបំណងចង់ពង្រីកទំនាក់ទំនងជាមួយ បណ្តាប្រទេសដែលមានលទ្ធិប្រជា ធិបតេយ្យនិងមានវប្បធម៌នៃការចែករំលែក”។ ក៏ប៉ុន្តែ ដំណើរទស្សនកិច្ចរបស់លោកអាបេនៅតំបន់អាស៊ីមុនគេ គឺប្រទេសវៀត ណាម បន្ទាប់មក ប្រទេសថៃ និងចុងក្រោយគេគឺឥណ្ឌូនេស៊ី ។
គោលដៅនៃដំណើរទស្សនកិច្ចនៅតំបន់អាស៊ានរបស់លោកអាបេ គឺដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ានទាំង នេះ នៅខណៈពេលដែលប្រទេសជប៉ុន ប៉ុនប៉ងចង់ផ្តល់សន្ទុះជាថ្មីឡើងវិញដល់សេដ្ឋកិច្ចជប៉ុនដែលកំពុង មានវិបត្តិ។
លោកអាបេ ក៏ចង់ ឲ្យដំណើរទស្សនកិច្ចរបស់លោកនេះ ជាចំណុចចាប់ផ្តើមនៃយុទ្ធសាស្ត្រការទូតមួយដែរ។ ម្យ៉ាងទៀត បរិស្ថានយុទ្ធសាស្រ្តក្នុង តំបន់អាស៊ីប៉ាស៊ីហ្វីក នាពេលបច្ចុប្បន្ន បានវិវឌ្ឍន៍ទៅមុខយ៉ាងសកម្ម។ យោងតាមយោបល់របស់លោកនាយករដ្ឋមន្រ្តីជប៉ុន ទំនាក់ទំនងយ៉ាងជិត ស្និទ្ធជាមួយបណ្តាប្រទេសសមាជិកនៃសមាគមអាស៊ានគឺ មានផលប្រយោជន៍ ខ្លាំងណាស់ ក្នុងការរួមវិភាគទាន ជួយថែរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ ។
ដូច្នេះហើយបានជា ប្រទេសជប៉ុន គិតគូរខ្លាំងណាស់ចំពោះផល ប្រយោជន៍ទាំង អស់នេះ”-នេះជាការថ្លែងបញ្ជាក់ របស់លោកនាយករដ្ឋមន្ត្រីជប៉ុនអាបេ។ គួរ រំលឹកថា កាលពីពេលចូលកាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុនក្នុងជំនាន់អាណត្តិ មុននា ឆ្នាំ២០០៦-២០០៧ លោក Shinzo Abe បានជ្រើសរើសយកប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីមួយរបស់លោក ដើម្បី ប៉ុនប៉ងផ្សាភ្ជាប់ ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនឹងតូគ្យូឡើងវិញក្រោយពីមានភាពតានតឹងជាមួយ គ្នា យ៉ាងខ្លាំង នៅក្រោមជំនាន់ដឹកនាំរបស់លោក Junichiro Koizumi មក។
ម្យ៉ាងទៀត ចាប់តាំងពីកញ្ញាឆ្នាំមុន ទំនាក់ទំនងទ្វេរភាគីរវាងជប៉ុននិងចិន បានធ្លាក់ចុះដុនដាប ដោយមូលហេតុ ជម្លោះដែនដីនៅលើប្រជុំកោះតូចមួយ ក្នុងសមុទ្រចិនខាងកើត គឺប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុនតែត្រូវបានទីក្រុងប៉េកាំងទាមទារយ៉ាងដាច់អហង្កា ថាជាដែនអធិបតេយ្យរបស់ខ្លួនក្រោម ឈ្មោះជាភាសាចិនថា ទាវយូ។
រីឯ ប្រទេសហ្វីលីពីន និងវៀតណាម វិញ ក៏មានជម្លោះដែនដីជាមួយចិនដែរ នៅក្នុងសមុទ្រចិនខាងត្បូង។
ទោះជាយ៉ាងណាក៏ដោយ ចំពោះសាព័ត៌មានជប៉ុន ដំណើរទស្សនកិច្ចរបស់លោក Shinzo Abe នៅក្នុងតំបន់អាស៊ាននាពេលនេះ គឺដើម្បីបង្កើតទំនាក់ ទំនងល្អជាមួយបណ្តាប្រទេសអាស៊ាន ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅ ក្នុងតំបន់និងក៏ដើម្បីប្រឆាំងទប់ ទល់នឹងការវាតទីនិយមរបស់ចិននៅលើបញ្ហា ដែនសមុទ្រ៕ដោយ នុយ ប៊ែរណាដែត (RFI)