តុលាការ​កំពូល​ប៉ាគីស្ថាន​ចេញ​ដីកា​ចាប់​ខ្លួន​នាយក​រដ្ឋមន្ត្រី​ Raja​ Pervez​

នៅ​ប្រទេស​​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ តុលាការ​កំពូល​​​ បាន​​ចេញ​ដីកា​ចាប់​ខ្លួន​នាយករដ្ឋមន្ត្រី Raja Pervez ពី​បទ​ពុក​រលួយ ក្នុង​កិច្ច​សន្យា​​​ថាមពល​ផ្សេងៗ នៅ​​ពេល​ដែល​​លោក ​​នៅ​ជា​​ រដ្ឋ​មន្ត្រី​ក្រសួង​​​ថាមពល និង​ធនធាន​ទឹក។​ ​ដី​កា​​នេះ ​ធ្វើ​អោយ​​​ស្ថានការ​នយោបាយ ​នៅ​​ប៉ាគីស្ថាន ឈាន​ទៅ​រក​​ភាព​ផុយ​ស្រួយ​​ ជា​ពិសេស​​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​​បាតុករ​រាប់​សែន​នាក់ បាន​នាំ​គ្នា​ទាមទារ អោយ​មាន​ការ​រំលាយ​សភា​ចោល និង​រៀប​ចំ​កែ​ទំរង់​​ប្រទេស​ឡើង​វិញ។ ទន្ទឹម​នេះ​ដែរ​ សកម្មជន​​ប្រឆាំង​មួយ​រូប ឈ្មោះ​ Imran Khan​ ដែល​ជា​អតីត​​កីឡា​ករ​ដ៏​ល្បី​ល្បាញ​ នៅ​​ប៉ាគីស្ថាន ​​បាន​ទាមទារ​អោយ​ ប្រធានាធិបតី Asif Ali Zardari ចុះ​ចេញ​ពី​ដំណែង​​​ ហើយ​បាន​​​សុំ​អោយ​បាតុករ​ ទាមទារ​អោយ​មាន​ ការ​បោះឆ្នោត​​​​ នៅ​​​​ពេល​ឆាប់ៗ​ ខាង​មុខ​នេះ។

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Raja Pervez ជាប់​ប្រកាន់​ពី​បទ​ពុក​រលួយ ក្នុង​​ការ​ប្រគល់​កិច្ច​សន្យា​​ផ្សេងៗ​ នៅ​​ពេល​ដែល​​លោក ​​នៅ​ជា​​​រដ្ឋ​មន្ត្រី​ក្រសួង​​​​ថាមពល​ និង​ធនធាន​ទឹក​នៅ​ឡើយ។​ ​សវនាការ​ទាក់ទង​ នឹង​​រឿង​ពុក​រលួយ​នេះ​ បាន​ប្រព្រិត្ត​ទៅ​ ជា​​​​ច្រើន​ដង​​មក​ហើយ ដោយ​​ក្នុង​ការ​កាត់​ក្តី​នេះ មេ​ចៅ​ក្រម​នៃ​តុលាការ​កំពូល​ ជា​អ្នក​​​ដឹក​នាំ​ ហើយ​​គេ​​ដឹង​រួច​ទៅ​ហើយ​ថា ចៅ​ក្រម​រូប​នេះ​​​​​ មិន​បាន​គាំ​ទ្រ​ជួយ​ ទៅ​ដល់​រដ្ឋាភិបាល​ប៉ាគីស្ថាន ​​នោះ​ឡើយ។

ដី​កា​​នេះ ​ធ្វើ​ឡើង​ នៅ​ពេល​​ដែល​​​ស្ថានការ​នយោបាយ ​នៅ​​​ក្នុង​ប្រទេស​ឈាន​ទៅ​រក​​ភាព​ផុយ​ស្រួយ​​ ជា​ពិសេស​​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​​បាតុករ​រាប់​សែន​នាក់ បាន​នាំ​គ្នា ចុះ​ធ្វើ​បាតុកម្ម​​យ៉ាង​សកម្ម ​ទាមទារ អោយ​មាន​ការ​រំលាយ​សភា​ចោល និង​រៀប​ចំ​កែ​ទំរង់​​ប្រទេស​ឡើង​វិញ។ នៅ​ក្នុង​បាតុ​កម្ម​នេះដែរ​ គេ​ក៏​ឃើញ​មាន​វត្តមាន​របស់ ​អតីត​​កីឡា​ករ​ដ៏​ល្បី​ល្បាញ​ក្នុង​ស្រុក ឈ្មោះ​ Imran Khan​ ដែល​​​​បាន​ទាមទារ​អោយ​ ប្រធានាធិបតី Zardari ចុះ​ចេញ​ពី​ដំណែង​​​។

​ក្នុង​រយៈ​ពេល​ ៦៥ ឆ្នាំ​មក​ហើយ ក្នុង​ប្រវិត្តសាស្ត្រ​របស់​ប៉ាគីស្ថាន ​រដ្ឋាភិបាល​ស៊ីវិល និង​រដ្ឋាភិបាល​យោធា បាន​ធ្វើ​ការ​​​​ផ្លាស់​ប្តូរអំណាច​​គ្នា​​ ទៅវិញ​ទៅ​មក។​ រដ្ឋាភិបាល​ប៉ាគីស្ថាន​​ នៅ​ពេល​នេះ​ ត្រូវ​តែ​ខំធ្វើ​យ៉ាង​ណា​ ដើម្បី​អាច​​បន្ត​ដំណើរ​ការ​​របស់​ខ្លួន​បាន រហូត​ដល់​ពេល​បោះ​ឆ្នោត ខាង​មុខ​នេះ​។​ ប្រសិន​បើ​អាច​ពិត​មែន​ នេះ​ជា​លើក​ទី​មួយ​ហើយ​​ ដែល​សភា​ប៉ាគីស្ថាន ​ដំណើរ​ការងារ​របស់​ខ្លួន ​បាន​ចប់​អណ្ណត្តិ​ជា​ស្ថាពរ។

អណ្ណត្តិ​រដ្ឋាភិបាល​ប៉ាគីស្ថាន​មាន​រយៈ​ពេល​ខ្លី​​ នឹង​ត្រូវ​បញ្ចប់​ នៅ​ពាក់​កណ្តាល​ខែ​ មិនា ហើយ​ ​រដ្ឋាភិបាល​​ស្តីទី​មួយ​ នឹង​ឡើង​កាន់​កាប់​បន្ត​ រហូត​ដល់​​ពេល​បោះ​ឆ្នោត​ នា​ខែ​មេសា​​​ខាង​មុខ​នេះ។ ប៉ុន្តែ​ យោធា​​ប៉ាគីស្ថាន ដែល​មាន​​ឥទ្ធិពល​ក្នុង​ប្រទេស​ ក៏​អាច​នឹង​មាន​វត្តមាន​​ គ្រប់​ពេលវេលា ​ក្នុង​ឆាក​នយោបាយ​ផង​ដែរ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close