បុរស​​ម្នាក់​​ត្រូវ​​គេ​​បោក​​លួច​​យក​​អស់​​ ៧០០​​.០០០​​ អឺរ៉ូ​

ដំណឹង ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ បាន​ក្លាយ​ជា​ដំណឹង​ទី​១ ផ្សាយ​ព្រឹក​មិញ ដោយ កាណាល់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី ប៉ុស្ត​លេខ​១ ទាំង​បញ្ជាក់​ថា ក្នុង​ប្រវត្តិ​នៃ​ការ​ដូរ​រូបិយវត្ថុ​បរទេស ដើម្បី​យក​លុយ​រូប្ល​រុស្ស៊ី នៅ​ត្រង់​កន្លែង​ដូរ​លុយ មិន​ដែល​មាន​ទឹកប្រាក់​បាត់បង់​ច្រើន​យ៉ាងនេះ​ឡើយ។ ឧប្បត្តិហេតុ​នេះ បាន​កើត​ឡើង​ រសៀល​ម្សិល​មិញ ក្នុង​ក្រុង​ម៉ូស្គូ។

សាច់ ​រឿង​គឺ​ថា ក្រោយ​ពី​បើក​ពី​ធនាគារ បាន​លុយ​ ៧០​ម៉ឺន​អឺរ៉ូ​នោះ​មក សាម៉ី​ជន ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ បាន​រាវ​រក​តាម​បណ្តាញ​អ៊ិន​ធ័រ​ណែត​ តើ​កន្លែង​ដូរ​ណា ដែល​ឲ្យ​អត្រា​ដូរ​ខ្ពស់​ជាង​គេ។ នៅ​ទី​បំផុត អាសយ​ដ្ឋាននោះ​ឯង ក៏​មាន​រក​ឃើញ​បាន​ដូច​ចិត្ត។ វា​ស្ថិត​នៅ​តាម​កូន​វិថី​មួយ​ នៃ​ក្រុង​ម៉ូស្គូ។ ប៉ុន្តែ​កន្លែង​ដូរ​លុយ​នោះ ប្លែក​ខុស​ពី​ធម្មតា ដោយ​វា ឥត​មាន​បំពាក់​យីហោ​អ្វី​ណា​ទេ។ តាម​ដែល​អ្នក​ឆ្លើយ​ឆ្លង​នៃ​កាណាល់​ទូរទស្សន៍ ពណ៌នា​រៀប​រាប់ កន្លែង​ដូរ​នេះ​មាន​លក្ខណៈ​ពិសេស សម្រាប់​បម្រើ​តែ​អតិថិជន​ណា​ ដែល​ដូរ ចាប់​ពី​កន្លះ​លាន​ដុល្លារ​ឡើង​ទៅ ពោល​គឺ​ចាប់​ពី​ ៥០​ម៉ឺន​ដុល្លារ។

អតិថិជន​ដែល​ស្ពាយ​លុយ​ ៧០​ម៉ឺន​អឺរ៉ូ​តាម​ខ្លួន ក៏​បាន​ចូល​ទៅ​ដល់ កន្លែង​ដូរ​លុយ​នោះ​មែន ហើយ​ក្រោយ​ពី​ប្រគល់​លុយ តាម​ប្រឡោះ​ក្រោម​កញ្ចក់​បាញ់​មិន​ធ្លុះ ទៅ​ស្ត្រី​បេឡាធិការិនី​មក​ ស្ត្រី​នោះ​ក៏​សុំ​ឲ្យ​បុរស​នោះ នៅ​រង់​ចាំ​បន្តិច​សិន​ ដ្បិត​លុយ​នោះ​ច្រើន​ណាស់ ហើយ​ត្រូវ​ចំណាយ​ពេល​ខ្លះ ដើម្បី​រាប់​វា និង​ពិនិត្យ​មើល តើ​មាន​បង្កប់​ទៅ​ដោយ​ក្រដាស​ប្រាក់​ក្លែងក្លាយ​រឺ​ទេ? បុរស​អភ័ព្វ​នោះ​ ចេះ​តែ​ចាំ​ហើយ​ចាំ​ទៀត​ ចាំ​ទាល់​តែ​ស្កក​ មិន​ឃើញ​ស្ត្រី​នោះ​ត្រឡប់​មក​វិញ​សោះ ។ នៅ​ទី​បំផុត គាត់​ក៏​ឆោឡោ រត់​ទៅ​ប្តឹង​ប៉ូលីស។ ឥឡូវ​មហាផ្ទៃ​ក្រុង​ម៉ូស្គូ ចង ក្រង​ជា​សំណុំរឿង​ព្រហ្មទណ្ឌ​ទៅ​ហើយ​ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​នោះ ដោយ​ប្រកាស​រក​ចាប់​ខ្លួន​ស្ត្រី​នោះ។

កាណាល់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី ដោយ​ផ្សាយ​ដំណឹង​នេះ ទូន្មាន​ប្រជាពលរដ្ឋ ឲ្យ​ប្រុង​ប្រយ័ត្ន​ជានិច្ច ហើយ​ដូរ​លុយ​តែ​នៅ​កន្លែង​ណា ដែល​មាន​ផ្លាក​សម្គាល់​ត្រឹមត្រូវ។ យក​ល្អ​គឺ​ដូរ​ នៅ​តាម​កន្លែង​ដូរ​លុយ ដែល​ស្ថិត​ក្នុង​ធនាគារ​រដ្ឋ រឺ​ធនាគារ​ឯកជន​ធំៗ ទើប​កក់ក្តៅ​ជាង ទោះបី​អត្រា​ដូរ​នៅ​ទី​នោះ មិនសូវ​ជា​ខ្ពស់​ក្តី។ តាម​តួលេខ​ដែល​មាន​ មក​ទល់​ឥឡូវ​ អតិថិជន​ធ្លាប់​បាត់​បង់​អស់​ដល់​ ៦០ម៉ឺន​អឺរ៉ូ ចំណែក​ទឹក​ប្រាក់​ ៧០​ម៉ឺន​អឺរ៉ូ ដែល​ត្រូវ​គេ​បោក លួច​យក​លើក​នេះ គឺ​ច្រើន​មិន​ធ្លាប់​មាន​ឡើយ។ ទឹកប្រាក់​នេះ គិត​តាម​អត្រា​សព្វថ្ងៃ គឺ​ជាង ៩៣​ម៉ឺន​ដុល្លារ​អាមេ រិក​ឯណោះ ដែល​អាច​ទិញ​លំនៅដ្ឋាន​ដ៏​សម​គួរ​ ក្នុង​ក្រុង​ម៉ូស្គូ បាន​យ៉ាង ហោច​ណាស់ ២​លំនៅ៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close