ពលករ​ខ្មែរ​ ១៩​នាក់​ត្រូវ​បាន​ស្ថាន​ទូត​កម្ពុជា​នៅ​ឥណ្ឌូ​នេ​ស៊ី​ជួយ​សង្គ្រោះ​

ភ្នំពេញ ​៖ ​ឯកឧត្តម​ កុយ គួ​ង ​អ្នក​នាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ឲ្យ​ដឹង​ថា ​ថ្មីៗ​កន្លង​ទៅ​នេះ​ តាម​ការណែនាំ​របស់​ក្រសួង​ការ​បរ​ទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​សហការ​ជាមួយ​ អាជ្ញាធរ​ឥណ្ឌូនេស៊ី ​ធ្វើ​ការ​ស្រាវជ្រាវ​ជួយសង្គ្រោះ​ពលករ​ខ្មែរ​ចំនួន​១៩​នាក់។

ឯកឧត្តម ​កុយ គួ​ង បាន​ឲ្យ​ដឹង​ទៀត​ថា ​ពលករ​ទាំង​នោះ​បាន​ចាញ់បោក មេខ្យល់​ឲ្យ​ទៅ​ធ្វើ​ការ​ជា​កម្មករ​ខុសច្បាប់​លើ​ទូក​នេសាទ​ថៃ នៅ​កោះ​បេន​ឌី​ណា (Benjina) ប្រទេស ​ឥណ្ឌូនេស៊ី ហើយ​រងគ្រោះ​ពី​ការ​ធ្វើ​បាប​ពី​ថៅកែ​ទូក​នេសាទ។

តាម​ការ​សំភាសន៍​បាន​បញ្ជាក់​ថា ពលករ​ខ្មែរ​ទាំងនេះ ត្រូវ​មេខ្យល់​បោក​បញ្ឆោត​ឲ្យ​មក​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​បាន​សន្យា​ផ្តល់​ប្រាក់​ឈ្នួល​ច្រើន។ ប៉ុន្តែ​ការពិត ក្រោយពី​ឆ្លង​ព្រំដែន​កម្ពុជា​-​ថៃ តាម​ច្រករបៀង​លួចលាក់​នៅពេល​យប់​រួច ពលករ​ទាំង​អស់នេះ​ត្រូវ​បាន​ដឹក​តាម​ឡាន​លក់​ឲ្យ​ទូក​នេសាទ​ថៃ នៅ​តំបន់​មហា​ឆៃ។

ឯកឧត្តម ​កុយ គួ​ង បាន​បញ្ជាក់​ទៀតថា បច្ចុប្បន្ន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​សហការ​ជាមួយ​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តជាតិ (IOM) ដើម្បី ​ធ្វើ​មាតុភូមិនិវត្តន៍​ពលករ​ខ្មែរ​រងគ្រោះ​ទាំង​១៩​នាក់​នេះ​ មក​មាតុប្រទេស​វិញ។

ជា​ជំហាន​ដំបូង ពលករ​ចំនួន​៨​នាក់ នឹង​ត្រូវ​ត្រឡប់​មក​ប្រទេស​យើង​វិញ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ។ រីឯ​ពលករ​ខ្មែរ​ចំនួន​១១​នាក់​ទៀត ក្រសួង​កំពុង​បន្ត​ខិតខំ​សហការ​ជាមួយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ដើម្បី​បញ្ជូន​ពួកគាត់​មក​ប្រទេស​កម្ពុជា​វិញ ជា​បន្តបន្ទាប់៕

index

Related Articles

Back to top button
Close
Close