ប្រទេសចិនមានបញ្ហាខ្យល់ពុលក្នុងបរិស្ថានខ្លាំង
រដ្ឋាភិបាលចិនបានប្រកាសឲ្យដឹងនូវវិធាន ការជាច្រើននៅក្នុងការ ដោះស្រាយបញ្ហាការបំពុលខ្យល់អាកាសនៅក្នុងប្រទេសរបស់ខ្លួន។
ចំណាត់ការនេះបានធ្វើឡើងក្រោយពីសាធារណជនកំពុងតែខឹង ក្រោធ ក្រោយពីប្រទេសចិនបានចុះអ័ព្ទ និងផ្សែងក្រាស់មិនដែលធ្លាប់មាននៅប៉ែកខាងជើងប្រទេសអស់ពេលច្រើន ថ្ងៃកន្លងទៅនេះ។
អាជ្ញាធរចិនឲ្យដឹងថា ការវាស់វែងខ្យល់ពុលនៅក្នុងក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យមាន កម្រិតជិតដល់ទៅ៤០ដងខ្ពស់ជាងកម្រិតខ្យល់អាកាសដែលមានសុវត្ថិភាព កំណត់ដោយអង្គការសុខភាពពិភពលោក។
ផ្សែងអ័ព្ទក្រាស់នេះ ធ្វើឲ្យគេអាចមើលឃើញបានចម្ងាយតែ១០០ម៉ែត្រខាងមុខប៉ុណ្ណោះ ហើយក៏ត្រូវបង្ខំឲ្យមានការលប់ជើងហោះហើរជាច្រើនកាលពីចុង សប្ដាហ៍នេះផងដែរ។
ឥឡូវក្រសួងការពារបរិស្ថានបានសន្យាកំណត់ កម្រិតបញ្ចេញឧស្ម័នពុលពីយានយន្ដ និងលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតស្អំមិនបំពុលបរិស្ថាន ក៏ដូចជាខំពង្រឹងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈឲ្យ បានប្រសើរនៅតាមជុំវិញទីក្រុង។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ក៏រាយការណ៍ផងដែរថា ស្ថាប័នឃ្លាំមើលបរិស្ថានក៏បានស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានបង្កើន ការវិភាគរបស់ពួកគេលើខ្យល់ពុល ហើយផ្សព្វផ្សាយលទ្ធផលឲ្យបានលឿនរហ័ស ដែលជាផ្នែកមួយនៃប្រព័ន្ធផ្ដល់ការព្រមានទុកជាមុនអំពីគុណភាព ខ្យល់អាកាស៕ (Radio Australia)