កូរ៉េខាងត្បូងត្រូវការអន្តោប្រវេសន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពចាស់ជរា
អភិបាល ធនាគារកណ្តាលកូរ៉េខាងត្បូង បានសន្និដ្ឋាននៅថ្ងៃចន្ទទី ១៤មករាឆ្នាំ២០១៣នេះ ថាកូរ៉េខាងត្បូងចាំបាច់ត្រូវបន្ធូរបន្ថយនយោបាយផ្នែកអន្តោ ប្រវេសន៍ ពោលគឺត្រូវការទទួលយកពលករបរទេសមកធ្វើការក្នុងប្រទេស ឱ្យបានច្រើនថែមទៀត ដើម្បីអាចជួយលើកកម្តើងសេដ្ឋកិច្ចជាតិ ព្រោះកូរ៉េខាងត្បូងកំពុងឈានទៅជួបគ្រោះខ្វះកម្លាំង ដោយប្រជាពលរដ្ឋសុទ្ធតែចាស់ៗ។
ជា មហាអំណាចសេដ្ឋកិច្ចទីបួននៅក្នុងទ្វីបអាស៊ី កូរ៉េខាងត្បូងត្រូវការទទួលពលករបរទេស ច្រើនបន្ថែមទៀត ! នេះជាការប្រកាសរបស់លោកអភិបាលធនាគារកណ្តាលទៅកាន់អ្នកសារព័ត៌មាន អន្តរជាតិ ដោយគូសបញ្ជាក់បន្ថែមទៀតថា “សហរដ្ឋអាមេរិកបើកទ្វារទទួលពលករអន្តោប្រវេសន៍ ពីមួយលាន ទៅពីរលាននាក់ក្នុងមួយឆ្នាំ ដើម្បី ជួយរក្សាលំនឹងឱ្យប្រជាជននៅតែក្មេង និងជាកម្លាំងទ្រទ្រង់សេដ្ឋកិច្ចឱ្យមានជីវិតជានិច្ច។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងដែលបានឆ្លងកាត់សង្គ្រាម នៅឆ្នាំ១៩៥០-៥៣ ទោះបីបាត់បង់កម្លាំងមនុស្សជាច្រើន ក្នុងសង្គ្រាមក៏ដោយ ក៏បានអនុវត្តនយោបាយ កាត់បន្ថយ អត្រាកំណើត តាំងពីជាច្រើនឆ្នាំមក ហើយពេលនេះ កូរ៉េខាងត្បូងក្លាយជាប្រទេសមានអត្រាកំណើតទាបជាគេបំផុតមួយនៅ លើពិភពលោក។ កំណើតមានតិច កម្លាំងពលកម្មក៏តិចទៅតាមនោះដែរ
នៅឆ្នាំ២០១១ អត្រាបង្កកំណើត – ចំនួនកូនដែលស្ត្រីកូរ៉េខាងត្បូងក្នុងអាយុមានសមត្ថភាពបង្កើត មានជាមធ្យមត្រឹមតែ ១,០១នាក់ ប៉ុណ្ណោះ បើប្រៀបទៅនឹងអត្រាមធ្យមភាពនៅក្នុងបណ្តាប្រទេសជាសមាជិក អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច OCDE។
ដូច្នេះដំណោះស្រាយ គឺត្រូវគិតដល់អនាគត ត្រូវបើកចំហនយោបាយអន្តោ ប្រវេសន៍ ដោយចេះអាចទាញយកកម្លាំងពលករបរទេសមកប្រើឱ្យចំតម្រូវការ សេដ្ឋ កិច្ចផងនឹងរក្សាលំនឹងសង្គមឱ្យមានសកម្មភាព មានជីវិតរស់រវើក និងក្មេងផង។ នេះបើតាមអភិបាលធនាគារកណ្តាលកូរ៉េខាងត្បូងដដែល។ ពីពេលនេះដល់ឆ្នាំ២០៥០ កូរ៉េខាងត្បូង នឹងមានប្រជាជនចាស់ និងលើសពី៦០ឆ្នាំ ប្រមាណ៣៩%នៃប្រជាពលរដ្ឋសរុប ទល់នឹង១៧%ក្នុងឆ្នាំ២០១១។ បើតាមអង្គការសហ ប្រជាជាតិទទួលបន្ទុកកិច្ចសង្គមនិងសេដ្ឋកិច្ច នៅឆ្នាំ២០១១ កូរ៉េខាងត្បូងមានពលករបរទេស មកពីចិន និងប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ប្រមាណជាង៥សែននាក់៕ដោយ អៀង សុខម៉ិញ (RFI)