យោធា​ឥណ្ឌា​ព្រមាន​ត​ដៃ​ធ្ងន់​ប្រសិន​បើ​ប៉ាគីស្ថាន​ហ៊ាន​បាញ់

ប្រមុខ​ដឹកនាំ​យោធា​ឥណ្ឌា​បាន​ចេញ​បញ្ជា​ ​ដល់​ពល​ទាហាន​ទាំង​អស់​ឱ្យ​វាយ​ប្រហារ​តប​ត​វិញ​ ដោយ​ធ្ងន់​ដៃ​បំផុត ប្រសិន​បើ​ទាហាន​ប៉ាគីស្ថាន​ហ៊ាន​រំលោភ​បទ​ឈប់​បាញ់​ នៅ​តាម​ព្រំដែន​ ក្នុង​តំបន់​ជាប់​ជម្លោះ​ Cachemire។ បទ​បញ្ជា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ទាហាន​ប្រទេស​ជាប់​របង​​ទាំង​ពីរ​នេះ បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ រហូត​មាន​ស្លាប់​ម្ខាងៗ​អស់​ទាហាន​ពីរ​នាក់។

បទ​បញ្ជា​បាន​ចែង​យ៉ាង​ច្បាស់ អនុញ្ញត​ឱ្យ​ទាហាន​ឥណ្ឌាបើក​ប្រតិបត្តិការ​វាយប្រហារ​យ៉ាង​ចាស់​ទៅ​លើ​ គូបក្ខដិបក្ខ ប្រសិន​បើ​មាន​ឃើញ​សញ្ញា​បង្ក​រឿង​ណាមួយ​​ពី​សំណាក់​ប៉ាគីស្ថាន ! នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ របស់​នាយ​ឧត្តមសេនី​កង​ពល​នៅ​ទល់​ដែន មក​កាន់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP​ មុន​នឹង​ផ្តើម​​​ជួប​​​ពិភាក្សា​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​យោធា ​ប៉ាគីស្ថាន-ឥណ្ឌា​ នៅ​ថ្ងៃចន្ទ​នេះ​ នៅ​ទល់​ដែន។

ជំនួប​ប្រជុំ​ដែល​រៀប​ចំ​ឡើង​បន្ទាប់​ពី មាន​ការ​ប៉ះទង្គិច​គ្នា​​រហូត​បាត់​បង់​ជីវិត​ទាហាន​ ទាំង​សង​ខាង ៖ ប៉ាគីស្ថាន អះអាង​ថា​មាន​ទាហាន​ពី​រ​នាក់​បានស្លាប់ ម្នាក់​នៅ​ថ្ងៃទី​៦​មករា និង​ម្នាក់​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​មុន។ ចំណែក​ឥណ្ឌា​វិញ​ ក៏​បាត់​បង់​ជីវិត​ទាហានពី​រនាក់ដែរ ហើយ​ម្នាក់​ត្រូវ​កាត់​ក្បាល​បាត់​ទៀតផង។ ឧប្បវហេតុ​​នេះ​បាន​ធ្វើ​មហា​អំណាច​នុយក្លេអ៊ែរ​នៅអាស៊ី​ទាំង​ពីរ​ ដែល​ទើប​ផ្តើម​ចរចា​សន្តិភាព​ ធ្លាក់​ក្នុង​ស្ថានភាព​តាន​តឹង​ដាក់​គ្នា​ជា​ថ្មី ។

ការ​ចរចា​អាច​នឹង​ជួប​ការលំបាក​ខ្លាំង ដ្បិត​ឥណ្ឌា​ តាម​រយៈ​ឧត្តមសេនីយ៍​នៅ​ទល់​ដែន បាន​ចាត់​ទុក​ទង្វើ​កាត់​ក្បាល​មនុស្ស​របស់​ទាហាន​ប៉ាគីស្ថាន ថា​មិន​អាច​អត់​ទោស​បាន​ឡើយ និង​បង្ខំ​ឱ្យ​ប៉ាគីស្ថាន​ប្រគល់​ក្បាល​ទាហាន​ឥណ្ឌា​ស្លាប់​មក​វិញ​។ ភរិយា​ទាហាន​ឥណ្ឌា ក៏​បាន​ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ​ ដើម្បី​ទាមទារ​​យក​សព​ប្តី​ទាំង​មូល​​មក​ធ្វើ​បុណ្យ ស្រប​តាម​ប្រពៃណី និង​សក្តិសម​ជា​ពលរដ្ឋ​ដែល​បាន​បូជាជីវិត​​បំរើ​ជាតិ។

សហរដ្ឋ​​អាមេរិក បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ជិត​ខាង​ទាំង​ពីរ បន្ធូរ​បន្ថយ​សម្ពាធ​​តាន​តឹង​នៅ​Cachemire ​ដែល​​ធ្លាប់​ជា​បុព្វហេតុ​នៃ​សង្គ្រាម​​ប៉ាគីស្ថាន-ឥណ្ឌា​ បី​ដង​ គិត​ចាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៧៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close