អាជ្ញាធរអូស្រ្តាលីព្រួយបារម្ភអំពីការស្លាប់ពលរដ្ឋរបស់ខ្លួននៅអាស៊ី
អាជ្ញាធរមួយនៅប្រទេសអូស្រ្តាលីប្ដេជ្ញាថា នឹងតាមដានលើករណីស្លាប់ ពល រដ្ឋអូស្រ្តាលីពីរនាក់នៅប្រទេសឡាវ ក្នុងរយៈពេលតែមួយសប្ដាហ៍។
អភិបាល របស់ដែនដីអូស្រ្តាលីខាងជើង (Northern Territory) លោក Terry Mills មានប្រសាសន៍ថា លោកនឹងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីតាមដានលើករណីទាំងពីរនេះ។
កាល ពីសប្ដាហ៍មុនមានបុរសអូស្រ្តាលីពីរនាក់ពីក្រុងដាវិន (Darwin) បានស្លាប់ក្នុងសប្ដាហ៍តែមួយដោយឃ្លាតពេលគ្នាតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះ។ គេមានការសង្ស័យថាបុរសទាំងពីរបានស្លាប់ដោយសារការសេពគ្រឿងញៀន លើសកម្រិត។
យ៉ាងណាមិញអាជ្ញាធរ នៅប្រទេសឡាវបានបដិសេធថា មិនធ្វើការស្រាវជ្រាវទេ។ ប៉ុន្តែលោក Terry Mills មានប្រសាសន៍ថា ការស្លាប់ជនបរទេសធ្វើដំណើរទៅអាស៊ី គឺគេមិនគួរពិនិត្យមើលតែលើករណីនីមួយៗនោះទេ តែគេគួរតែពិនិត្យលើបញ្ហាទូលំទូលាយ ដោយលោកមានប្រសាសន៍ថាយ៉ាងដូច្នេះ៖
It could be alcohol that has been illicitly brewed, in some cases they are proposing that it may be a form of insectiside poisoning, we’re not certain but there are a number of them and that’s the striking aspect of this there needs to be broader consideration so that travellers better understand.
លោក Terry Mills អភិបាលប្រចាំដែនដីភាគខាងជើងរបស់អូស្រ្តាលី មានប្រសាសន៍ថា ករណីនេះអាចពាក់ព័ន្ធនឹងស្រាដែលគេលួចផលិត ដោយករណីខ្លះមានថែមទាំងផ្ទុកសារធាតុពុលក្នុងលក្ខណៈថ្នាំសម្លាប់ សត្វល្អិតទៀតផង។ ថ្វីដ្បិតតែយើងមិនទាន់ច្បាស់មែន ក៏ប៉ុន្តែមានករណីជាច្រើនបានកើតឡើង។ នេះហើយគឺចំណុចគួរឲ្យចាប់អារម្មណ៍នូវតម្រូវការឲ្យមានការ ពិចារណាទូលំទូលាយជាងនេះទៀត ដើម្បីធ្វើឲ្យអ្នកដំណើរមានការយល់ដឹង។
គួររំលឹកផងដែរថា កាលពីសប្ដាហ៍មុននេះផងដែរក៏មាននយុវជនអូស្រ្តាលីម្នាក់បានស្លាប់ នៅប្រទេសឥណ្ឌូណេស៊ីពីការពុលស្រាដែរ៕ (Radio Australia)