បាតុកម្មនៅប៉ារីសប្រឆាំងនឹងការអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការ
នៅក្នុងពេលដែលអាជ្ញាធរបារាំងកំពុងរឹតបន្តឹងសន្តិសុខ ដោយបារម្ភខ្លាចមានការវាយប្រហារភេរវកម្មសងសឹក ចំពោះប្រតិបត្តិការយោធាបារាំង នៅ ម៉ាលី នៅរសៀលថ្ងៃអាទិត្យនេះ ក្រុមអ្នកប្រឆាំងនឹងការរៀបការរវាងអ្នកស្រឡាញ់ភេទដូចគ្នាគ្រោង ចេញធ្វើបាតុកម្មដ៏ធំមួយ ដើម្បីតវ៉ាជំទាស់នឹងសេច ក្តី ព្រាងច្បាប់ ដែលស្នើឡើងដោយរដ្ឋាភិបាលរបស់លោកហ្វ្រង់ស័រ ហូឡង់។
ក្បួនបាតុកម្ម ប្រឆាំងនឹងការអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទ ដូចគ្នារៀបការ បានចាប់ផ្តើមធ្វើ នៅម៉ោង ១រសៀល ម៉ោងនៅទីក្រុងប៉ារីស (ត្រូវនឹងម៉ោង ៧ល្ងាច នៅប្រទេសកម្ពុជា) ដោយចេញដំណើរពី ៣កន្លែងផ្សេងគ្នា ហើយដើរតម្រង់ទៅជួបជុំគ្នា នៅសួនច្បារ ក្បែរទួរអេហ្វ៊ែល (Tour Eiffel)។
ក្រុមបាតុករ ដែលអាជ្ញាធរប៉ាន់ស្មានថា មានប្រមាណចន្លោះពី១៥ម៉ឺន ទៅ៣០ម៉ឺននាក់ បានធ្វើដំណើរមកពីទូទាំងប្រទេសបារាំង ភាគច្រើន គឺជាអ្នកកាន់សាសនាកាតូលិកតឹងរ៉ឹង ហើយក៏មានសមាជិក ឬសកម្មជនគណបក្សអភិរក្សនិយមផងដែរ។ ប្រធានគណបក្ស UMP របស់លោកសាកូហ្ស៊ី ក៏បានចូលរួមដង្ហែរក្បួនបាតុកម្មប្រឆាំងនឹងការរៀបការរបស់អ្នក ស្រឡាញ់ភេទដូចគ្នានេះដែរ។
គួររំឭកឡើងវិញថា នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោកហ្វ្រង់ស័រ ហូឡង់ បានសន្យាថា នឹងបង្កើតច្បាប់ ដើម្បីអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការដោយស្របច្បាប់។ នៅពេលនេះ សេចក្តី ព្រាងច្បាប់នេះ ត្រូវបានរដ្ឋាភិបាលរបស់លោកហ្វ្រង់ស័រ ហូឡង់ រៀបចំរួចរាល់អស់ហើយ ដោយគ្រោងនឹងដាក់ឲ្យរដ្ឋសភាពិនិត្យ នៅថ្ងៃទី២៩មករា ខាងមុខ នេះ។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បារាំងបានអះអាងថា ការពិនិត្យ និងអនុម័តច្បាប់នេះនឹងនៅតែបន្តធ្វើ បើទោះបីជាបាតុកម្ម នៅថ្ងៃអាទិត្យនេះ មានមនុស្សចូលរួមប៉ុន្មាននាក់ក៏ដោយ។
ការស្ទាបស្ទង់មតិជាច្រើនកន្លងមកបង្ហាញថា ប្រជាជនបារាំងភាគច្រើន ពោលគឺ ប្រមាណជា ៥៦% គាំទ្រឲ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការដោយស្រប ច្បាប់។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ រដ្ឋាភិបាលរបស់លោកហ្វ្រង់ស័រ ហូឡង់ បានបដិសេធ មិនព្រមយករឿងរៀបការអ្នកស្រឡាញ់ភេទដូចគ្នានេះ ធ្វើការបោះឆ្នោតប្រជាមតិនោះទេ។
បន្ទាប់ពីបាតុកម្មប្រឆាំងនឹងសិទ្ធិរៀបការរបស់អ្នកស្រឡាញ់ភេទ ដូចគ្នានៅថ្ងៃនេះ ក្រុមអ្នកគាំទ្រក៏គ្រោងនឹងចេញធ្វើបាតុកម្មដែរ នៅថ្ងៃទី២៧ មករា ខាងមុខ៕ដោយ សេង ឌីណា (RFI)