ប្រធានាធិបតីបារាំងប្រកាសវិធានការសន្តិសុខទប់ទល់នឹងអំពើភេរវកម្មក្នុងប្រទេស
បន្ទាប់ពីដាក់កងទ័ពបារាំងអោយធ្វើ អន្តរាគមន៍ នៅប្រទេសម៉ាលី ប្រឆាំងនឹងក្រុមឧទ្ទាមអ៊ីស្លាមប្រដាប់អាវុធ ប្រធានាធិបតីបារាំង លោក François Hollande បានប្រកាស កាលពីថ្ងៃសៅរ៍ម្សិលមិញ នូវវិធានការពង្រឹងសន្តិសុខ ក្នុងប្រទេសបារាំង ដើម្បីទប់ទល់ មិនអោយមានអំពើភេរវកម្ម កើតឡើង។
ក្នុងបែបផែននេះ បារាំងបានដាក់អនុវត្តជាថ្មីម្តងទៀត នូវគំរោងការពារសន្តិសុខ ដ៏តឹងរ៉ឹងរបស់ខ្លួន ឈ្មោះ Vigipirate ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៧៨ ដាក់ពង្រាយកងសន្តិសុខបារាំង នៅតាមទីសាធារណៈនានា ដូចជា នៅច្រកចូលទៅកាន់រថភ្លើង ដាក់អោយមានការយាមល្បាត ក្នុងរថភ្លើងល្បឿនលឿនដឹកអ្នកដំណើរ ដាក់កំរិត លើចំនួនហោះហើរនៃយន្តហោះ រឺក៏ហាមឃាត់មិនអោយមាន ការហោះហើរច្រើន តាមផ្លូវអាកាស និងត្រៀមធ្វើការស្តុកទុក នូវទឹកដែលអាចបរិភោគបាន សំរាប់ករណីចាំបាច់។
គំរោងការពារសន្តិសុខ Vigipirate នេះ មានបួនពណ៌ ប្រែប្រួលទៅតាមស្ថានការគំរាមកំហែងសន្តិសុខ ក្នុងប្រទេស។ សំរាប់ការពង្រឹងសន្តិសុខ នាពេលនេះ បារាំងប្រើគំរោង Vigipirate ពណ៌ក្រហម មានន័យថា បារាំងត្រូវធ្វើការប្រុងប្រយ័ត្ន ក្នុងកំរិតមួយខ្ពស់ ដោយសារតែខ្លួនអាចនឹងរង នូវការវាយប្រហារភេរវកម្ម ធ្ងន់ធ្ងរផ្សេងៗបាន។
ផ្នែក ការពារសន្តិសុខបារាំង ដាក់ពង្រាយកំលាំងរបស់ខ្លួន នៅតាមច្រកចូលទៅកាន់រថភ្លើង ដាក់អោយមានការយាមល្បាត ក្នុងរថភ្លើងល្បឿនលឿនដឹកអ្នកដំណើរនានា ដាក់កំរិត លើចំនួនហោះហើរនៃយន្តហោះ រឺក៏ហាមឃាត់មិនអោយមាន ការហោះហើរច្រើន តាមផ្លូវអាកាស។ បារាំងក៏នឹងត្រៀមធ្វើការស្តុកទុក នូវទឹកដែលអាចបរិភោគបាន ផងដែរ ក្នុងករណីចាំបាច់។ គំរោងការពារសន្តិសុខ Vigipirate ត្រូវប្រើប្រាស់ នូវទាហានបារាំង ប៉ូលិស និងភ្នាក់ងារសន្តិសុខនានា នៃស្ថានីយរថភ្លើងជាតិ SNCF។
នាយករដ្ឋមន្ត្រីបារាំង លោក Jean Marc Ayrault បានប្រកាស កាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា គំរោងការពារសន្តិសុខ Vigipirate ត្រូវបានដាក់អោយអនុវត្តភ្លាមៗ ក្នុងផ្នែកគមនាគមន៍សាធារណៈបារាំង នៅតាមអគារសាធារណៈនានា និងក្នុងឧកាសដែលមានមនុស្សនាំគ្នាធ្វើបាតុកម្ម រឺក៏ប្រជុំគ្នា។ ដូចនេះ នៅថ្ងៃអាទិត្យនេះ បារាំងនឹងពង្រឹងសន្តិសុខ ក្នុងកម្រិតមួយខ្ពស់ ព្រោះមានប្រជាជនបារាំងផ្តុំគ្នា នៅទីក្រុង ប៉ារីស ធ្វើការប្រឆាំងនឹង គំរោងច្បាប់ដែលអនុញ្ញាតអោយ អ្នកស្រលាញ់ភេទដូចគ្នា រៀបមង្គលការ។
គំរោងការពារសន្តិសុខ ដ៏តឹងរ៉ឹងរបស់បារាំង មានឈ្មោះថា Vigipirate កើតឡើងក្នុងឆ្នាំ ១៩៧៨ នៅពេលដែលអឺរ៉ុប កំពុងតែប្រឈមមុខ នឹងអំពើភេរវកម្មជាច្រើន។
គំរោងនេះ មានដាក់ចេញជា បួនពណ៌ ប្រែប្រួលទៅតាមស្ថានការគំរាមកំហែងសន្តិសុខ ក្នុងប្រទេស។ កម្រិតទីមួយ ពណ៌ លឿង សំរាប់ការពង្រឹងសន្តិសុខបន្ថែម។ កម្រិតទីពីរពណ៌ទឹកក្រូច សំរាប់បង្ការ ចៀសវៀងអំពើភេរវកម្ម។ កម្រិតទីបី ពណ៌ក្រហម គឺពណ៌ដែលបារាំងដាក់ប្រើ នៅពេលនេះ គឺសំរាប់បង្ការ ចៀសវៀងអំពើភេរវកម្មធ្ងន់ធ្ងរ កម្រិតទីបួន ពណ៌ក្រហមជាំ សំរាប់បង្ការ អំពើភេរវកម្មដែលមានលក្ខណៈធ្ងន់ធ្ងរបំផុត។
បារាំងធ្លាប់ប្រើ គំរោងនេះ ក្នុងពណ៌ក្រហមជាំ រួចម្តងមកហើយ គឺនៅខែ មិនា ឆ្នាំ ២០១២ កន្លងមក ក្នុងភាគ និរតីនៃប្រទេស សំរាប់តបតនឹង ការវាយប្រហារដោយភេរវជនមួយរូប។
“យើងត្រូវតែប្រើ នូវរាល់វិធានការដែលចាំបាច់ទាំងអស់ ដើម្បីត្រួតពិនិត្យការពារ អគារសាធារណៈ និងហេដ្ឋារចនាសម្ពន្ធរបស់យើង” នេះជាប្រសាសន៍របស់ ប្រធានាធិបតីបារាំង លោក François Hollande ដែលធ្វើឡើង កាលពីម្សិលមិញ៕ដោយ ព្រំ សឿន សូលីណា (RFI)