ក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ មានអ្នកកាសែតជាង១.០០០នាក់ចុះឈ្មោះចូលយកព័ត៌មាន
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ រៀបចំដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៅព្រឹកថ្ងៃទី១៤ មករា ២០១២ នៅសន្និសីទ ចតុមុខ រាជធានីភ្នំពេញលោក ខៀវ កាញារីទ្ធ រដ្ឋមនត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា មានអ្នកកាសែតជាតិ និងអន្តរជាតិ ជាង១.០០០នាក់ បានចុះឈ្មោះ ដើម្បីចូលមកយកព័ត៌មាន នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរម រតនកោដ្ឋ។និងព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយព្រះភ្លើងដល់ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលនឹង ធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ។
លោករដ្ឋមន្រ្តីបានបន្តថា «នៅពេលចូលដល់ព្រះមេរុ គឺអ្នកកាសែតមិនអាចដើរបានទេ គឺនៅមួយកន្លែង ប៉ុន្តែយើងមានអ្នកថត ដែលអាច ផ្តល់រូបថតបាន ប៉ុន្តែទូរទស្សន៍ទាំង៦ យើងសហការគ្នា ចំពោះអ្នកកាសែតបរទេសអីចឹងដែរ គឺយើងមានកន្លែងឈរសម្រាប់ថត»។
ទាក់ទងនឹងបញ្ហាសន្តិសុខ ជុំវិញព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង បានធ្វើការបញ្ជាក់ថា នឹងមិនអនុញ្ញាតឲ្យមន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលយកអង្គរក្ស ដើរតាមខ្លួននោះទេ។ លើកលែងតែសម្តេចទាំងបី ទើបអាចមានអង្គរក្សដើរតាមបាន។ ការធ្វើបែបនេះ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ស ខេង លើកឡើងថា ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ សន្តិសុខល្អ នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ៕