ភាពតានតឹងនៅCachemir ឈានដល់ការកោះហៅឯកអគ្គរដ្ឋទូត
ឥណ្ឌាបានកោះហៅ នៅថ្ងៃពុធទី ៩ មករា ឆ្នាំ២០១៣ នេះ ឯកអគ្គរដ្ឋទូតប៉ាគីស្ថានឱ្យចូលជួប បន្ទាប់ពីមានការវាយប្រហារ សម្លាប់ទាហានឥណ្ឌាពីរនាក់ ពីសំណាក់កងទ័ពប៉ាគីស្ថាន នៅតាមព្រំដែនក្នុងតំបន់Cachemire។ ហេតុការណ៍បាញ់សម្លាប់ កាត់អវៈយវៈ និងកាត់ក ដែលឥណ្ឌាបានចោទប្រកាន់ថាជាទង្វើអមនុស្សធម៌របស់ប៉ាគីស្ថាន កំពុងធ្វើឱ្យមហាអំណាចនុយក្លេអ៊ែរក្នុងតំបន់ទាំងពីរសំឡឹងមុខ គ្នាលែងចំ និងកំពុងគំរាមកំហែងបទឈប់បាញ់ដែលបងប្អូនគូសត្រូវទាំងពីរបានចុះ ហត្ថលេខា។
នេះជាលើកទីមួយដែលអាជ្ញាធរឥណ្ឌា បានបញ្ចេញប្រតិកម្មផ្លូវការ ដោយកោះហៅឯកអគ្គរដ្ឋទូតប៉ាគីស្ថានមកជួប ព្រោះឆ្លើយតបឱ្យបានសក្តិសមនឹងទង្វើវាយប្រហារសម្លាប់ទាហានឥណ្ឌា ពីរនាក់ ពីសំណាក់កងល្បាតប៉ាគីស្ថាន។
បើតាមប្រភពព័ត៌មានយោធាឥណ្ឌា ទាហានឥណ្ឌាទាំងពីរ បានស្លាប់ ក្នុងនោះមានម្នាក់ត្រូវកាត់ក នៅថ្ងៃអង្គារ ក្នុងការ បាញ់រះដាក់គ្នា ដោយពេលនោះទាហានឥណ្ឌាពើបប្រទះនឹងទាហានប៉ាគីស្ថានឆ្លងចូលទឹកដី ឥណ្ឌាប្រមាណ៥០០ម៉ែត្រ។ ប៉ុន្តែ ក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃពុធនេះ បានបដិសេធច្រានចោលដំណឹងបាញ់ប្រហារគ្នា រហូតស្លាប់ទាហានឥណ្ឌាពីរនាក់នោះ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា បានទាមទារឱ្យប៉ាគីស្ថានបើកការអង្កេតលើករណីបាញ់សម្លាប់ទាហាន ឥណ្ឌាពីររូបនេះ ស្របតាមច្បាប់អន្តរជាតិ។ ទាំងរដ្ឋាភិបាល និងយោធា ឥណ្ឌា ចង់បានវិធានការសមស្រប ដើម្បីបញ្ចៀសឱ្យបាន អំពើហិង្សា ឈានដល់ប្រតិបត្តិការវាយប្រហារគ្នា តាមព្រំដែនដែលប្រទេសទាំងពីរធ្លាប់ជួបប្រទះពីមុន។
បើតាមប្រមុខការទូតឥណ្ឌា ហេតុការណ៍ដែលបានកើតឡើងនេះ បញ្ជាក់យ៉ាងច្បាស់ពី ការប៉ុនប៉ងបង្អាក់ការចរចាសន្តិភាពទ្វេភាគី ដែលទើបចាប់ដំណើរការឡើងវិញ យ៉ាងត្រដាបត្រដួស បន្ទាប់ពីអាក់ខានតាំងពីឆ្នាំ២០០៨មក។ តាំងពីបានឯករាជ្យមកប្រទេសទាំងពីរធ្លាប់ធ្វើសង្គ្រាមនឹងគ្នាបីដង ហើយបានចុះហត្ថលេ ខាឈប់បាញ់។ ប៉ុន្តែជានិច្ចជាកាល គេតែងឃើញមានការរំលោភបទឈប់បាញ់នេះ។ គ្រាន់តែនៅឆ្នាំ២០១២នេះ មានការបាញ់រះ ដាក់គ្នាទៅវិញទៅមក ៧១ដង និងស្លាប់៧នាក់។ ការប៉ះទង្គិចគ្នាកាលពីចុងសប្តាហ៍មុន បានបណ្តាលឱ្យទាហានប៉ាគីស្ថានម្នាក់ស្លាប់ ។ តែការបាញ់សម្លាប់ហើយ កាត់អវៈយវៈ ទៀត !ត្រូវបានរដ្ឋមន្ត្រីការពារជាតិឥណ្ឌា ចាត់ទុកជាទង្វើ អមនុស្សធម៌ និងជាការរំលោភបទឈប់បាញ់ដ៏កម្រោល បង្កប់ទៅដោយកាយវិការបង្ករឿងបំផុត !៕ដោយ អៀង សុខម៉ិញ (RFI)