សីតុណ្ហ​ភាព​នឹង​ចុះ​​ត្រជាក់​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​១១​-​១៥​មករា​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ ​មករា ​​២០១៣នេះ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុ​ទ្ទ​ល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​និយាយ​ថា ព្យុះ​ឈ្មោះ​សូ​ណា​មូ បាន​រលាយ​បាត់ទៅហើយ នៅសល់តែ​សម្ពាធ​ទាប (L) ដែល​អាច​នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ត្រជាក់​ម្តងទៀត ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៣​។​

លោក ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹងផង​ដែរ​ថា សីតុណ្ហភាព​ចុះ​ត្រជាក់​លើក​នេះ អាចជា​លើកចុងក្រោយ​ហើយ សម្រាប់​រដូវរំហើយ​នេះ បើ​យោងទៅតាម​ព្យាករណ៍​។ អាកាសធាតុ​ត្រជាក់​កន្លងទៅនេះ បាន​ចុះ​ដល់​កម្រិត​ពី ១៩ ទៅ ២០ អង្សា​សេ​។ តែ​អាកាសធាតុ​ត្រជាក់​ដែល​នឹង​មកដល់ ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៥ ខែមករា អាច​ចុះ​ដល់​កម្រិត ១៧ ទៅ ១៨ អង្សា​សេ នៅ​តំបន់ភ្នំ​។​

លោក ចាន់ យុ​ត្ថា បាន​ពន្យល់ថា សីតុណ្ហភាព​អប្បបរមា​កន្លងទៅនេះ មិន​ប្រែប្រួល​ខ្លាំង​ទេ តែ​សីតុណ្ហភាព​អតិបរមា មានការ​ប្រែប្រួល​ខ្លាំង គឺ​ពី ៦ ទៅ ៧ អង្សា​សេ ក្នុងពេលដែល​សីតុណ្ហភាព​អប្បបរមា មានការ​ប្រែប្រួល​ត្រឹមតែ​ពី ១ ទៅ ២ អង្សា​សេ​នោះ​។ ការប្រែប្រួល​សីតុណ្ហភាព​អប្បបរមា​តិចតួច​នេះ ធ្វើ​ឲ្យ​មិនដឹង​ត្រជាក់ ឬ​ក្តៅ​ទេ​​៕

Related Articles

Back to top button
Close
Close