អត្រា​ស្លាប់​ដោយ​ជំងឺ​មហារីក​ធ្លាក់ចុះ តែការ​​ការពារ​នៅ​តែ​សំខាន់

អត្រា​មរណៈ​បង្កឡើង​ដោយ​ជំងឺ​មហារីក នៅ​សហរដ្ឋ​អាមេរិក​បន្ត​ធ្លាក់​ចុះ​ តាំង​ពី​ឆ្នាំ​១៩៩០​មក ​ពីរ​ទសវត្សរ៍​ជាប់ៗ​គ្នា។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី ០៧​មករា ឆ្នាំ​២០១៣​ ម្សិលមិញ និង​ដែល​មិន​ភ្លេច​គូស​បញ្ជាក់​ពី ភាព​ចាំ​បាច់​ នៃ​ពាក្យ​ស្លោក “ការពារ ប្រសើរ​ជាង​ ព្យាបាល” ទេ​ ប្រសិន​បើ​ចង់​ឱ្យ​អត្រា​មរណៈ​កាន់​តែ​ទាប។

គិត​ចាប់​ពី​ឆ្នាំ​២០០០-២០០៩ អត្រា​មរណៈ​បង្ក​ឡើង​ដោយ​ជំងឺ​មហារីក​បាន​ធ្លាក់​ចុះ​១,៨% ក្នុង​មួយ​ឆ្នាំ ចំពោះ​បុរស និង​កុមារ​ក្រោម​អាយុ​១៤​ឆ្នាំ ចំណែក​ស្ត្រី​វិញ​អត្រា​នេះ​បាន​ធ្លាក់​​ចុះ​​ ​១,៤%។
របាយការណ៍ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ ម្សិលមិញ​នេះ បាន​លម្អិត​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​ជំងឺ​មហារីក​ដែល​ច្រើន​កើត​ញឹក​ញាប់​លើ​បុរស ទាំង​១៧​ មាន​១០​មុខ​បាន​ធ្លាក់​ចុះ (មហារីក​សួត ប្រូស្តាត ពោះវៀនធំ ឈាម​ ក្រពេញ តម្រងនោម ក្រពះ​ ឆ្អឹង មាត់ បំពង់​អាហារ-បំពង់ខ្យល់)។ ប៉ុន្តែចំពោះ​បុរស​ដដែល ​អត្រា​មរណៈ​បាន​កើន​ឡើង​ ក្នុង​ករណីមាន​​ជំងឺ​មហារីក​ស្បែក​ធ្ងន់ធ្ងរ​ ​លំពែង  និង​មហារីកថ្លើម។

ក្នុង​អំឡុង​ពេល​​ (២០០០-២០០៩)ដូច​គ្នា អត្រា​មរណៈរបស់​ស្ត្រី​​បង្ក​ឡើង​ដោយ​មហារីក​ ចំនួន​១៥​បាន​ថយ​ចុះ​​​ក្នុង​ចំណោម​ជំងឺ​មហារីក១៨ (សួត សុដន់ ពោះវៀន​ធំ​ ពោះវៀន​ទាល់ អូវែ ឈាម ក្រពេញ​ ខួរ​ក្បាល ឆ្អឹង តម្រង​នោម​ ក្រពះ មាត់​ស្បូន ប្លោក​នោម បំពង់​អាហារ​ មាត់ បំពង់ក និង​ប្រមាត់)។ មិន​ខុស​ពី​បុរស អត្រា​មរណៈបង្ក​ដោយ​​ជំងឺ​មហារីក​លំពែង ថ្លើម និង​ស្បូន បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​លើ​អ្នក​ជំងឺភេទ​ស្រី។

ជា​សរុប បើ​តាម​គំនូស​បំព្រួញ​ក្នុង​របាយការណ៍​នេះ ជំងឺ​មហារីក​ជាទូទៅ បាន​ថយ​ចុះ​០,៦​ ចំពោះ​បុរស និង​នៅ​ថេរ​​ចំពោះ​ស្ត្រី​ តែ​បាន​ឡើង​ខ្លាំង(០,៦%)​ចំពោះ​កុមារក្រោម​អាយុ​១៤​ឆ្នាំ​។ ហើយ​បើ​ទោះ​ជា​ការ​ព្យាបាល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ ហាក់​មានការ​អភិវឌ្ឍន៍​ជា​វិជ្ជមាន​យ៉ាង​ណា​ក៏​ដោយ​ ក៏​ការ​ “ការពារ” នៅ​តែ​ជា​វិញ្ញាសា​ដ៏​លំបាក​មួយ​ដែល​ក្រុម​អ្នក​វេជ្ជសាស្ត្រត្រូ​វ​ប្រឹង​ ប្រែង​ខ្លាំង​ទៀត៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close