គ្រូបង្រៀននៅវិទ្យាល័យបឹងត្របែកស្នើឲ្យសម្តេចហ៊ុន សែនឲ្យជួយអន្តរាគមន៍
គ្រូបង្រៀននៅវិទ្យាល័យបឹងត្របែកជាង ១០០នាក់បានស្នើឲ្យប្រមុខដឹកនាំរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍ចំពោះផែនការផ្ដល់ដីទីធ្លាវិទ្យាល័យបឹងត្របែកទៅឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា និងគណៈវិស្វករកម្ពុជាសង់អាគារការិយាល័យ។
ញត្តិរបស់ក្រុមគ្រូបង្រៀននោះធ្វើឡើងតាមរយៈសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចុះថ្ងៃទី១៦ កុម្ភៈ ២០១២។ ខ្លឹមសារក្នុងញាត្តិនោះក្រុមគ្រូបង្រៀនបានស្នើឲ្យលោក ហ៊ុន សែន ជួយពិនិត្យចំពោះសកម្មភាពផ្តល់ដីបរិវេណវិទ្យាល័យបឹងត្របែកឲ្យទៅឲ្យស្ថាប័នផ្សេងសង់អាគារធ្វើការ។
នៅថ្ងៃទី១៧ កុម្ភៈ ២០១២ គ្រូបង្រៀនម្នាក់ឈ្មោះ ហែម អឿន ជាអ្នកនាំពាក្យឲ្យលោកគ្រូអ្នកគ្រូនៅវិទ្យាល័យបឹងត្របែកបាននិយាយថា គ្រូបង្រៀនជាង ១០០នាក់ចង់ឲ្យលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឆ្លើយបំភ្លឺលើករណីផ្ដល់ដីបរិវេណសាលាទៅស្ថាប័នផ្សេងនាពេលកន្លងមក និងពេលថ្មីៗនេះឲ្យគ្រូបង្រៀនបានដឹង៕