ផែនការ​សន្តិភាព​របស់​លោក​អាសាដ​ត្រូវ​បក្ស​ប្រឆាំង​ច្រាន​ចោល​និង​ត្រូវ​លោក​ខាង​លិច​ទិតៀន​

ប្រធានាធិបតី​ស៊ីរី​លោក​Bachar el-Assad ​ទើប​បាន​ស្នើ”ផែនការ​នយោបាយ”មួយ​នៅ​ថ្ងៃ​អាទិត្យ​​ទី​៦​មករា​ដែល​ តម្រូវ​ទុក​លោក​នៅ​កាន់​កាប់​អំណាច​ដដែល។ ផែន ការ​នយោបាយ​នេះ​ ត្រូវ​បាន​បក្ស​ប្រឆាំង​ ច្រាន​ចោល​ជា​បន្ទាន់​។ ​លោក​ខាង​លិច​វិញដែល​មាន​សហរដ្ឋអាមេរិកអង់គ្លេស​និង​សហភាពអឺរ៉ុបក៏​បាន​បញ្ចេញ​ប្រតិកម្ម ជាអវិជ្ជមានដែរ​​​ទៅ​លើ​​សន្ទរកថា​របស់​ Bachar el-Assad​។

បក្ស​ប្រឆាំង​ស៊ីរី បាន​ច្រាន​ចោល”ផែនការ​សន្តិភាព”​ដែល​​ស្នើ​ឡើង​ដោយ​លោក​ប្រធានាធិបតី​ស៊ីរី​ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញនិង​ទាមទារ​​ឲ្យ​លោក​ Bachar el-Assad ចុះ​ចេញ​ពី​ការ​កាន់​កាប់​អំណាច​ជានិច្ច ​​មុន​នឹង​រក​ដំណោះស្រាយ​ណា​មួយ​នៅក្នុង​ជម្លោះ​បង្ហូរ​ឈាម​គ្នា​ដែល​បាន​ ហែក​ហូរ​ប្រទេស​ស៊ីរី​ចាប់​តាំង​ពី​២១​ខែ​កន្លង​មក​ហើយ។ ក្រុម​អ្នក​ប្រឆាំង ថែម​ទាំង​បាន​ចោទ​លោក​ Assad ថា​ចង់​រើស​បក្ស​ពួក​ខ្លួនមក​ធ្វើ​ជា​ដៃ​គូ​សន្ទនា​ដើម្បី​រិះរក​មធ្យោបាយ​​ រក្សា​ការ​កាន់កាប់​អំណាចរបស់ខ្លួន​​។

លោក​ Walid al-Bounni អ្នក​នាំ​ពាក្យនៃ​ក្រុម​បក្ស​ប្រឆាំង បាន​អះអាង​ទៀត​ថា ក្រុម​បក្ស​ប្រឆាំង​នៅ​តែ​ស្វែង​រក”ដំណោះស្រាយ​នយោបាយ​មួយ​ជានិច្ច”ប៉ុន្តែ​ គោលដៅ​របស់​ប្រជាជន​ស៊ីរី​គឺ​រក​​ដំណោះស្រាយ​មួយ​ដែល​គ្មាន​រូប​លោក Bachar el-Assad។ អ្នកនាំពាក្យ​របស់​ក្រុម​ប្រឆាំង​បាន​ថ្លែងបន្ថែមទៀត​ថា « ប្រជាជន​ស៊ីរី បាន​បាត់​បង់​បណ្តា​​អ្នក​​តស៊ូ​​ដើម្បី​​បុព្វហេតុ​នេះ​ជាង ៦​ម៉ឺន​នាកហើយ​គេ​ក៏​ពុំមែន​ពលីជីវិត​ដើម្បី​ចង់​រក្សា​ទុក​របប​សង្កត់​ សង្កិន​ផ្តាច់​ការ​របស់​លោក​អាសាដនេះដែរ។​

លោក Bachar el-Assad ដែល​នៅ​តែ​ប្រកាន់​ជំហរ​ដ៏​រឹងរូស​នោះ​ បាន​ចាត់​ទុក​ថាជម្លោះ​ផ្ទៃ​ក្នុង​ស៊ីរី ​ជា​ម្លោះ​រវាង​មាតុភូមិ​នឹង​ក្រុម​ខ្មាំង​សត្រូវ​ដោយ​​បាន​ប្រកាស​ថា រដ្ឋាភិបាល​ស៊ីរី​នឹង​ធ្វើ​ការ​វាយ​​ប្រយុទ្ធ​ប្រឆាំង​ពួក​ភេរវនិយម​​ ប្រដាប់​អាវុធ​ដែល​​ឧបត្ថម្ភ​ហិរញ្ញប្បទាន​ដោយ​​លោក​ខាង​លិច » ហើយ​​លោក ក៏​ពុំ​ត្រៀម ខ្លួនដើម្បី​​ធ្វើ​ការ​ចរចា​ជាមួយដែរ។

ចំណែក​ក្រុម​អ៊ីស្លាម​និយម​ជ្រុល​ឈ្មោះ​”ក្រុម​ភាតរបុត្រ​អ៊ីស្លាម​ស៊ីរី​ ដែល​ជា​ចលនា​ប្រឆាំង​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​ស៊ីរី បាន​វាយ​តម្លៃ​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​មួយ​របស់​ខ្លួន​ថា »ផែនការ​ សន្តិភាព​របស់​លោក​អាសាដ គ្មាន​ន័យ​អ្វី​ឡើយ និង​​ចាត់​ទុក​លោក Bachar el-Assad ថា​ជា «ជន ឧក្រិដ្ឋសង្គ្រាម​ដែល​នឹង​ត្រូវទទួលការ​​កាត់​ទោស»។

រីឯ​លោក​ខាង​លិច​ ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់គ្នា​ដែរ ក៏ប៉ុន្តែ​ជា​ប្រតិកម្ម​ប្រកបដោយ​អវិជ្ជមាន។ ​លោក Willam Hague រដ្ឋមន្ត្រី​ក្រសួង​ការ បរទេស​អង់គ្លេស បាន​បញ្ចេញ​ប្រតិកម្ម​មុន​​គេ​ឆ្លើយ​តប​​លោក Bachar el-Assad ​ដោយ​ផ្សព្វ​ផ្សាយ នូវ​សារមួយ​​ដ៏​គួរ​ឲ្យ​ចុក​ចាប់​នៅ​តាម​បណ្តាញ​សង្គម​ Twitter ថា”សន្ទរក​ថា​របស់​លោក អាសាដ នេះ​គឺ​ជារឿងមួយហួស​ពី​ការ​លាក់​​ពុត​​ទៅ​ទៀត។ មនុស្ស​​ស្លាប់ អំពើ​ហិង្សា និង​ការ​វាយ​បង្រ្កាប​ប្រជាជន​ដែល​រីករាលដាល​នៅ​ក្នុង​ប្រទេសគឺ​ជា​កំហុស​​របស់​លោក​អាសាដផ្ទាល់។ចំណែក ​ការ​សន្យា​​ឥត​ប្រយោជន៍​នានា​នៃ​​កំណែ​ទម្រង់​របស់លោកអាសាដ​ទាំង​អស់​ នោះ ក៏​ពុំ​​អាច​បោក​បញ្ឆោត​អ្នក​ណា​ម្នាក់​បាន​ឡើយ។

ចំពោះ​ទីក្រុង​វ៉ាស៊ីនតោន​វិញយល់​ឃើញ​ថា គំនិត​ផ្តួចផ្តើម​របស់​លោក Bachar el-Assad គឺ​ពុំ​​បាន​​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ជាក់​ស្តែង​ឡើយ​និង​ក៏​គ្រាន់តែ​ជា​ ការ​ប៉ុនប៉ង​ថ្មី​មួយ​ទៀត​នៃ​របប​ស៊ីរី ដើម្បី​​ការ​ក្តោបកាប់​អំណាច​របស់ខ្លួនតែប៉ុណ្ណោះ​-នេះ​បើ​​យោង​តាម​លោកស្រី Victoria Nuland អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​អាមេរិក។​

ចុង​ក្រោយ​គេ គឺ សហភាព​អឺរ៉ុប​ដែល​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​លោក Bachar el-Assad ចាក​ចេញ​ពី​អំណាច​ដើម្បី​អនុញ្ញាត​ដល់​ការ​រៀបចំ​នយោបាយ​អន្តរកាល​មួយ​នៅ​ ក្នុង​ប្រទេស​ស៊ីរី៕ដោយ នុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close